រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជនជាតិអាមេរិកម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់។
ជនសង្ស័យសមត្ថកិច្ចបានបញ្ជាក់ថា មានឈ្មោះ ABOU RAMAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក។ ចំណែកស្ត្រីជនជាតិចិនឈ្មោះ Lopex Xian អាយុ៣២ឆ្នាំជាសង្សាររបស់ជនសង្ស័យ និងឈ្មោះ ភឿន សារ៉ា ភេទប្រុស ជនជាតិខ្មែរ ជាមន្ត្រីយោធានិងជាអ្នកសុីឈ្នួលយាមផ្ទះឲ្យជនសង្ស័យ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយសារអ្នកទាំង២មិនពាក់ព័ន្ធនិងបទល្មើស ។
ក្នុងការចាប់ខ្លួនជនសង្ស័យជនជាតិអាមេរិក សមត្ថកិច្ចរឹបអូសនិងបញ្ជូននូវវត្ថុតាងអាវុធខ្លីប្រភេទទំនើបៗចំនួន៩ដើម គ្រាប់៩ម.ម ចំនួន៦៦ គ្រាប់ មកឲ្យតុលាការផងដែរ។
ជនសង្ស័យនិងអាវុធយុទ្ធភ័ណ្ឌទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចសង្ស័យថា បុរសជនជាតិអាមេរិកនេះគឺជាបណ្ដាញជួញដូរអាវុធឆ្លងដែនយ៉ាងសកម្ម ដោយមានបក្ខពួកធ្វើការនាំចូលអាវុធនិងលក់បន្តឲ្យជនសង្គមងងឹត។
ផ្ដើមចេញពីការបង្ក្រាបនៅភ្នំពេញ ប្រភពព័តិមានពីខេត្តសៀមរាបបានឲ្យដឹងថា សមត្ថកិច្ចខេត្តសៀមរាប ក៏បានចាប់ខ្លួនជនបរទេស៣នាក់ផងដែរ ពាក់ព័ន្ធនិងករណីចាប់បុរសជនជាតិអាមេរិកនៅភ្នំពេញនេះ៕