
ខេត្តក្រចេះ ៖ ភ្លៀងមួយមេកំពុងតែធ្លាក់មកខ្លាំង ខណៈស្ត្រីម្នាក់ និងកូនតូចៗ២នាក់ ជ្រកនៅនៅក្រោមផ្ទះ រំពេចនោះ រន្ទះបានបាញ់មកលើអង់ទែនទូរទស្សន៍ បណ្តាលឱ្យត្រូវទាំងបីនាក់ម្ដាយកូនរងរបួសជាទម្ងន់ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ ។
ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់នេះបានកើតឡើងនៅរសៀលថ្ងៃទី៦ មិថុនា ២០១៩ នេះនៅភូមិកែងប្រសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមលោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ករណីរន្ទបាញ់នេះ កើតឡើងខណៈពេលមេឃកំភ្លៀងខ្លាំង ហើយជនរងគ្រោះទាំងបីនាក់ម្ដាយកូននៅក្រោមផ្ទះ ស្រាប់តែរន្ទះបានបាញ់អង់ទែនទូរទស្សន៍ ឆ្លងចរន្តនៃរន្ទះតាមខ្សែភ្លើងមកទូរទស្សន៍ ឆ្លងបន្តទៅត្រូវទាំងបីនាក់ម្ដាយកូនតែម្ដង បណ្ដាលឲ្យរងរបួសខ្លោចស្បែកដៃស្ត្រីជាម្តាយធ្ងន់ធ្ងរ ឯកូនៗរងរបួសស្រាល ។
លោកបន្តថា ជនរងគ្រោះទាំងបីនោះ ទី១៖ ឈ្មោះ ប៊ិ ចន្ធូ ភេទស្រី អាយុ៣៣ឆ្នាំត្រូវ ជាម្ដាយ រងរបួសធ្ងន់ និងទី២៖ ឈ្មោះ ឆៃ លីណា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសស្រាល និងឈ្មោះ ឆៃ តាំងវ៉ាន់ ភេទស្រី អាយុ៤ឆ្នាំ រងរបួសស្រាល ។
លោកអធិការរូបនោះ បញ្ជាក់ទៀតថា ក្រោយកើតហេតុចុះទៅពិនិត្យ ឃើញស្នាមឆេះខ្សែអង់ទែនទូរទស្សន៍ ហើយក៏សន្និដ្ឋានថា រន្ទះបាញ់អង់ទែនទូរទស្សន៍ តែមនុស្សនៅជិតបណ្ដាលរងរបួសផងដែរតែសំណាងល្អមិនបាត់បង់ដល់ជីវិត ។ បច្ចប្បន្នជនរងគ្រោះទាំង៣នាក់ កំពុងសង្គ្រោះនៅមណ្ឌលសុខភាពស្រុកសំបូរ ។
លោកបានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបណ្តាលឱ្យរងគ្រោះដោយសារតែរន្ទះបាញ់នេះ និងបានផ្តាំផ្ញើសូមឱ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង ត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ត្រូវបិទទូរស័ព្ទចៀសវាងគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ៕
















