
កំពង់ស្ពឺ: ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិចតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានលោកមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួចំនួនទៀត ធ្វើឯកសារបន្លំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារជាតិ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានរអែងច្បាប់អ្វីឡើយ។
បើតាមឯកសារដែលអង្គភាពព័ត៌មានទទួលកាលពីជំនាន់អតីតឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការភូមិភាគ៣ ដីសាលាពល ទាហានទី៣ មានទំហំសរុប ៥៨៨ ២៨៨ ម៉ត្រការ៉េ ហើយត្រូវបានទទួលស្គាល់ដោយនាយឧត្តមសេនីយ៍ មុឹង សំផន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ថាជាដីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកាពារជាតិ ដោយមិនអនុញ្ញាតឲ្យុគ្គលណាម្នាក់មករំលោភ បំពាន លួចយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្នួនឡើយ ដើម្បីរក្សទុកជាប្រយោជន៍រួម បម្រើដល់វិស័យការពារជាតិ។
ប៉ុន្តែ ក្រោយពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន ចូលមកកាន់តំណែងជាមេបញ្ជា ការយោធភូមិភាគ៣ ផ្ទៃដីសាលាបានរួមតូចបន្តិចម្តងៗ ដែលបច្ចុប្បន្ននៅសល់ដីទំហំតែ ៤២៩ ១៥៥ ម៉ែត្រការ៉េ គឺបាត់អស់ជិត១៦ហិចតាឯណោះ នេះបើតាមប្លង់ផែនទីគំនូសបង្ហាញទីតាំងថ្មី ដែលទទួលស្គាល់ដោយលោកឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៦។
មន្ត្រីកងទ័ពដែលបម្រើការនៅក្នុងសាលាពលទាហានទី៣ លួចខ្សិបប្រាប់អ្នកយកព័ត៌មានថា មូលហេតុនៃការបាត់ដីសាលាប្រមាណ១៦ហិចតានេះ គឺផ្តើមចេញពីលោក យឿង សុខុន ដែលបានប្រើប្រាស់អំណាចនិងតួនាទីជាមេបញ្ជាការយោធភូមិភាគ៣ កាត់ដីចេញពីដីរួមរបស់សាលាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនអស់ជិត១០ហិចតា។ ដោយឃើញទង្វើរបស់លោក យឿង សុខុន បែបនេះ មន្ត្រីកងទ័ពបម្រើការងារនៅក្នុងសាលាពលទាហានទី៣មួយចំនួន ក៏នាំគ្នាយកតម្រាប់តាម ដោយនាំគ្នាកាត់ដីសាលាទំហំជិត៦ហិចតា ចែកគ្នាធ្វើកម្មសិទ្ធិដែរ។ ទង្វើដ៏លោភលន់ មិនខ្លាចច្បាប់របស់លោកមេបញ្ជាការភូមិភាគទី៣ និងមន្ត្រីកងទ័ពមួយចំនួនដែលបម្រើការនៅក្នងសាលានេះ បានធ្វើឲ្យផ្ទៃដីសាលាទាំងមូលដែលពីមុនមានទំហំជិត៥៩ហិកតា រួមតូចនៅត្រឹមតែជាង៤២ហិចតាប៉ុណ្ណោះ ក្រោមការដឹកនាំគ្រប់គ្រងដ៏បុិនប្រសព្វ របស់ លោក យឿង សុខុន។
មន្ត្រីកងទ័ពខាងលើ បានសម្តែងការហួសចិត្តថា លោក យឿង សុខុន មិនគួរប្រើអំណាចជាមេបញ្ជាការ កាត់ដីសាលាយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន មប្រើប្រយោជន៍ឯកជន ស្រេចតែទំនើងចិត្តបែបនេះទេ និងបានសំណូមពរដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង គោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិ មេត្តាចាត់បញ្ជូនមន្រ្តីឲ្យចុះមកធ្វើអធិការ កិច្ចលើបញ្ហាបាត់ដីសាលានេះផង ដើម្បីកុំឲ្យរឿងបែបនេះ ក្លាយជាគំរូអាក្រក់ក្នុងជួរកងទ័ព និងយកដីដែលបាត់បង់ទាំងនេះ ទុកជាសម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិវិញ៕
ពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាព CTV online មិនអាចសុំការបកស្រាយបំភ្លឺពីលោក យឿង សុ ខុន បានទេដោយពុំមានលេខទូរស័ព្ទ ។


















